នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បន្តអញ្ជើញចូលរួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមអមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងគណៈប្រតិភូក្រសួងជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវរបស់រាជរដ្ឋាភិបាលចែកជូនប្រជាកសិករ ដែលទទួលរងការខូចខាតដោយគ្រោះទឹកជំនន់ ហើយមានលទ្ធភាពស្ដារឡើងវិញ ដើម្បីធ្វើការដាំដុះបន្ទាប់ពីទឹកបានស្រកទៅវិញ ក្នុងបរិវេណវត្តអម្ពវនារាម (រំចេក) ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ប្រជាកសិករដែលត្រូវទទួលផល មានចំនួន ៤៩៧គ្រួសារ មកពីឃុំចំនួន០៤ មានឃុំកៀនជ្រៃ ឃុំហាន់ជ័យ ឃុំគគរ និងឃុំរំចេក ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្មើនឹងពូជស្រូវសរុបចំនួន ៣៣,៦៥០គីឡូក្រាម។
បន្ទាប់ពីនោះ ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ បានចុះទៅត្រួតពិនិត្យដោយផ្ទាល់អំពីស្ថានភាពជាក់ស្ដែករបស់ប្រជាកសិករងផលប៉ះពាល់ និងវឌ្ឍនភាពនៃការដាំដុះឡើងវិញរបស់បងប្អូនប្រជាកសិករ បន្ទាប់ពីបានទទួលពូជស្រូវកន្លងមក។
ក្នុងដំណើរចុះពិនិត្យជាក់ស្តែងនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យមន្ត្រីជំនាញឡើងណែនាំបន្ថែមអំពីបច្ចេកទេសក្នុងការដាំដុះពូជស្រូវដែលបានផ្ដល់ជូននេះឱ្យបានត្រឹមត្រូវ និងទទួលបានទិន្នផលខ្ពស់។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ឡាំ ហេងហួត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ អំពីគ្រោះមហន្តរាយ ដែលអាចកើតឡើងជាយថាហេតុ ដោយសារតែតាមការព្យាករណ៍របស់ក្រសួងជំនាញ ទឹកភ្លៀងអាចនឹងបន្តមានរហូតដល់ចុងឆ្នាំ។