(សៀមរាប)៖ ថ្លែងចេញពីខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរព្រះគុណ សម្ដេចសង្ឃ នៃគណៈសង្ឃមហានិកាយ និងអរគុណដល់សប្បុរសជននានា ដែលចូលរួមឧបត្ថម្ភស្បៀង ព្រមទាំងថវិកាដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការស្ម័គ្រចិត្តចូលរួមរបស់សម្ដេចសង្ឃ និងសប្បុរសជននានានៅពេលនេះ ជាការរួមចំណែកដ៏សំខាន់ដល់រាជរដ្ឋាភិបាលកម្ពុជា សដើម្បីសម្រាលការលំបាកពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំយកឱកាសនេះ អរព្រះគុណដល់សម្ដេច នៃគណៈសង្ឃនាយក និងមន្ដ្រីរាជការ ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមថវិកា អង្ករ ដល់រាជរដ្ឋាភិបាល។ ទាំងអស់នេះជាការស្ម័គ្រចិត្ត»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្ហាញពីការស្វាគមន៍ចំពោះការចូលរួមចំណែកពីព្រះសង្ឃ មន្ដ្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ខណៈរាជរដ្ឋាភិបាលក៏បាននិងកំពុងគិតគូរប្រឹងប្រែងដោះស្រាយលើការងារនេះ។ សម្ដេចបានបញ្ជាក់ថា នេះគឺជាការជួយគ្នាក្នុងគ្រាលំបាក និងជាការរួមចំណែកក្នុងការសោះស្រាយបញ្ហាជូនប្រជាជន។
ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់តាមបណ្ដាខេត្តនានាទាំងអស់ កុំរង់ចាំវត្តមានរបស់សម្ដេចអញ្ជើញដោយផ្ទាល់ បានរៀបចំពិធីចាត់ចែងស្បៀង ពូជស្រូវជូនដល់ប្រជាពលរដ្ឋ ពោលនៅពេលទទួលបានពីថ្នាក់ជាតិហើយនោះ ត្រូវរៀបចំចាត់ចែងបន្ទាន់ភ្លាម។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានថវិកាប្រមាណជាង៣៧ម៉ឺនដុល្លារ និងអង្ករ៧០០តោន ដែលជាការឧបត្ថម្ភរបស់សប្បុរសជន ក្នុងការរួមចំណែកដោះស្រាយការលំបាកជូនពលរដ្ឋដែលរងគ្រោះទឹកជំនន់។
សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ១០ម៉ឺនគ្រួសារ មានអ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ ប្រមាណ១៨ភាគរយ ស្មើនឹង ប្រមាណជិត២ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលបានការអន្ដរាគមន៍។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យបន្ដការយកចិត្ដទុកដាក់ តាមរយៈយុទ្ធការក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជួយដល់បញ្ហាស្បៀង នៅទីកន្លែងដែលមានការខូចខាតធ្ងន់ និងអ្នកទីទ័លផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយជាង២លានដុល្លារ៕
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-04-0.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-04-1.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-10-27-05-0.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-10-27-07-0.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-04-2.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-16-0.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-16-1.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-16-2.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-17-3.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-17-4.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-17-5.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-17-6.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-17-7.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-10-26-06-0.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-10-26-06-1.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-10-26-06-2.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-10-26-06-3.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-10-26-06-4.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-25-0.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-26-1.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-26-2.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-26-3.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-26-4.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-26-5.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-38-0.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-38-1.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-38-2.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-38-3.jpg)
![](https://freshnewscdn.b-cdn.net/images_caches/262466/fn-2022-10-22-09-43-38-4.jpg)