(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រោះមហន្តរាយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បន្តបេសកកម្ម ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កម្លាំងយោធភូមិភាគទី៥ និងបណ្តាកងឯកភាព រួមទាំងបញ្ជាការកងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន។
ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រួមមាន៖
-ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់
-ប៉ះពាល់ប្រជាជនប្រមាណ ៦,៦៨៦គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៧៣៦គ្រួសារ
-លិចស្រូវប្រមាណ ៥,០០០ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០៩ហិកតា
-ប្រជាជនដែលកំពុងស្នាក់នៅទួលសុវត្ថិភាព បានទទួលស្បៀងសង្គ្រោះបន្ទាន់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រប់ចំនួន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងការសោកស្តាយជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ។ ឯកឧត្តម ក៏បានអំពាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ បណ្តាលមកពីទឹកជំនន់នេះ។
ទន្ទឹមនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមសេនាធិការរបស់ សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជា សម្តេចតេជោ អគ្គមេបញ្ជាការកំពូលលើសមរភូមិគ្រប់គ្រងគ្រោះមហន្តរាយនេះ ចេញជួយពលរដ្ឋឱ្យបានទាន់ពេលវេលា និងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។
បើទោះបីជាយ៉ាងណា ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ដែលធ្វើសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំជាទីបំផុត។