Marquee

បណ្តាខេត្តពាយព្យប្រទេស នឹងបន្តទទួលទឹកភ្លៀងពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៧ ដល់ ៣០ កញ្ញា ២០២២ (វីដេអូ)

(ភ្នំពេញ)៖ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថាបណ្តាខេត្តពាយព្យប្រទេសមានដូចជាខេត្តឧត្ដរមានជ័យព្រះវិហាររតនគិរីសៀមរាបបន្ទាយមានជ័យប៉ៃលិនបាត់ដំបងនិងខេត្តពោធិ៍សាត់នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនដោយសារតែឥទ្ធិពលព្រុះនិងសម្ពាធទាប។ ក្រសួងបានឱ្យដឹងទៀតថាកម្រិតទឹកភ្លៀងបូករួមជាមួយទឹកហូរធ្លាក់ពីថៃផងនោះនឹងធ្វើឱ្យបណ្តាខេត្តទាំងនេះបង្កឱ្យមានជំនន់ទឹកភ្លៀងនិងជំនន់ដោយបរិមាណទឹកហួសកម្រិត។ក្នុងសេចក្តីប្រកាសព័ត៌មានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២នេះក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថាយោងតាមការវិវត្តជាក់ស្ដែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុបានបង្ហាញឱ្យឃើញថាកម្លាំងស្រូបនៃឥទ្ធិពលព្យុះទី១៦ឈ្មោះណូរុ (NORU) ដែលកើតនៅភាគខាងកើតប្រទេសហ្វីលីពីននឹងធ្វើឱ្យប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងកម្ពុជាបានចុះថមថយឥទ្ធិពលជាលំដាប់។ តាមការព្យាករនៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២ព្យុះណូរុនឹងវិវត្តទៅជាព្យុះទីហ្វុង TY នៅពេលបក់ចូលកៀកឆ្នេរភាគកណ្តាលប្រទេសវៀតណាម។ក្រសួងបន្តថាព្យុះនេះនៅពេលឆ្លងកាត់ប្រទេសវៀតណាមនិងអាងទន្លេមេគង្គប្រទេសឡាវនិងថៃនៅថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២បានថមថយឥទ្ធិពលបន្តបន្ទាប់ជាព្យុះកម្រិត IS វិសម្ពាធ ID និងសម្ពាធទាប។ ជាមួយគ្នានោះចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២ខ្យល់មូសុងនិរតីនឹងបង្កើនល្បឿនបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើតំបន់មាត់សមុទ្រ។ក្រសួងបានបញ្ជាក់ថាលក្ខណៈនេះនឹងធ្វើឱ្យកម្ពុជាចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២បណ្តាខេត្តនៅភាគពាយព្យមានជាអាទិ៍៖ខេត្តឧត្ដរមានជ័យព្រះវិហាររតនគិរីសៀមរាបបន្ទាយមានជ័យប៉ៃលិនបាត់ដំបងនិងខេត្តពោធិ៍សាត់នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនបូកផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀតអាចបង្កឱ្យទីទំនាបជាប់ផ្លូវទឹកនិងផ្លូវទឹកនៅក្នុងភូមិសាស្ត្រនៃបណ្តាខេត្តទាំងនោះប្រឈមនឹងជំនន់ទឹកភ្លៀង (I-lash flood)និងជំនន់ដោយបរិមាណទឹកហួសកម្រិត (Overflow)។ ចំណែកបណ្ដាខេត្តដទៃទៀតនិងរាជធានីភ្នំពេញមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលើកលែងតែបណ្ដាខេត្តជាប់មាត់សមុទ្រមានខេត្តកោះកុងនិងខេត្តព្រះសីហនុដែលអាចមានភ្លៀងធ្លាក់ច្រើន។នៅលើផ្ទៃសមុទ្រវិញក៏នឹងមានភ្លៀងច្រើនខ្យល់បោកបក់ខ្លាំងនិងរលកសមុទ្រខ្ពស់។ទន្ទឹមនេះភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គដែលអាចធ្វើឱ្យទឹកទន្លេមេគង្គមានការងើបកើនឡើងវិញជាបន្តបន្ទាប់។ក្រសួងធនធានទឹកនិងឧតុនិយមស្នើដល់អាជ្ញាធរពាក់ព័ន្ធអាជ្ញាធរដែនដីនិងសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់។ សូមបញ្ជាក់ថាបច្ចុប្បន្ននេះបណ្តាខេត្តភាគពាយព្យប្រទេសមានដូចជាឧត្តរមានជ័យបន្ទាយមានជ័យពោធិ៍សាត់បាត់ដំបង់សៀមរាបនិងកំពង់ធំផងកំពុងជួបការជន់លិចដោយសារជំនន់ទឹកភ្លៀងនិងទឹកហូរធ្លាក់មកពីប្រទេសថៃ៕