ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រិ ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើក ‹‹វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ជូនក្រុមប៉ាន់ប្រមាណគ្រោះមហន្តរាយ›› តាមប្រព័ន្ធអនឡាញ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. សហការជាមួយ វេទិកាមនុស្សធម៌កម្ពុជា (CHF) តំណាងឱ្យអង្គការក្នុងស្រុក ក្នុងគោលបំណង ផ្តល់ឱកាសឱ្យក្រុមប៉ាន់ប្រមាណគ្រោះមហន្តរាយ ចែករំលែកបទពិសោធន៍កន្លងមក ពិសេស ក្នុងពេលឆ្លើយតបទឹកជំនន់ឆ្នាំ២០២០ និងត្រៀមឆ្លើយតបក្នុងរដូវវស្សានេះ ដោយមានការចូលរួមពីមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. មន្ត្រីបង្គោលថ្នាក់ខេត្ត និងបុគ្គលិកអង្គការក្នុងស្រុកឈរជើងនៅមូលដ្ឋានមួយចំនួន។
ក្នុងពិធីនេះដែរ អ្នកសម្របសម្រួលវេទិកាមនុស្សធម៌កម្ពុជា (CHF) បានប្រសិទ្ធនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ថាជា ‹‹ថ្នាក់ដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងខ្លា ក្នុងការដឹកនាំការងារគ្រោះមហន្តរាយនៅកម្ពុជា›› ព្រមទាំងពួកគេបានរំលឹកដល់ការតស៊ូដ៏ខ្លាំងខ្លារបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក្នុងអំឡុងពេលដែលដឹកនាំប្រតិបត្តិការឆ្លើយតបទឹកជំនន់ឆ្នាំ២០២០ ទាំងឈឺជើង ដើម្បីជួយសង្គ្រោះជីវិតប្រជាជនរងគ្រោះ។
ឯកឧត្តម ឡាំ ហេងហួត ក៏បានពាំនាំការសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី ជូនដល់បងប្អូនទាំងអស់ដែលបានចូលរួម និងបានកោតសរសើរចំពោះបងប្អូនអង្គការក្នុងស្រុកទាំងអស់ ដែលតែងរួមចំណែកក្នុងការងារគ្រោះមហន្តរាយ។