(ប៉េកាំង)៖ តាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ជំនន់ទឹកភ្លៀង កំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរលើផ្នែកមួយចំនួន នៃភាគកណ្តាលប្រទេសចិន ដោយសារមានភ្លៀងធ្លាក់ខ្លាំង។
មនុស្ស ១២នាក់ បានបាត់បង់ជីវិតក្នុងទីក្រុង ចឹងចូវ (Zhengzhou) នៃខេត្តហឺណាន (Henan) ខណៈប្រជាជនជាង ១ម៉ឺននាក់ទៀតនៅក្នុងខេត្តនោះ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
គូសបញ្ជាក់ផងដែរថា ខេត្ត Henan ដែលមានប្រជាជនប្រមាណ ៩៤លាននាក់ បានប្រកាសអាសន្នកម្រិតខ្ពស់ចំពោះបញ្ហាធាតុអាកាស បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ហើយទីក្រុងជាច្រើន បានរងផលប៉ះពាល់ ដោយក្នុងនោះផ្លូវសំខាន់ៗត្រូវបានបិទ ហើយជើងហោះហើរជាច្រើន ត្រូវបានលុបចោលផងដែរ។