នាព្រឹកថ្ងៃសុក្រ ១២ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២
ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានដឹកនាំក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយសហការជាមួយ អាជ្ញាធរខេត្ត បានចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រ ក្រុងពោធិ៍សាត់។
លោក លឹម សុខតូ អភិបាលរងខេត្តបានឱ្យដឹងថា ចំពោះស្ថានភាពទឹកនៅ ស្ទឹងពោធិ៍សាត់មានបញ្ហាលិចលង់ខ្លះ និងខ្លះស្រុងពីផ្នែកខាងលើដោយសារមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអាតៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកំរិតខ្ពស់ មកលើដងស្ទឹងពោធិ៍សាត់។ ប៉ុន្តែបើសិនភ្លៀងមិនបន្តធ្លាក់ទៀតទេនោះគឺទឹកស្ទឹងក្នុងក្រុងពោធិ៍សាត់មិនមាន ហានិភ័យ ធ្ងន់ធ្ងរ នោះទេ។ខណៈដែលទឹកស្ទឹងពោធិ៍សាត់កំពុងកើនឡើងបែបនេះអាជ្ញាធរខេត្តមន្ត្រីជំនាញពាក់ព័ន្ធនៅតែបន្តអំពាវនាវដោយទទូច ហើយឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសបងប្អូនដែលរស់នៅតាមដងស្ទឹងមេត្តាប្រុងប្រយ័ត្នខ្ពស់ជៀសវាងគ្រោះថ្នាក់ផ្សេងៗកើតឡើង។
ឯកឧត្តម អគ្គលេខាធិការ ក៏បានលើកឡើងថា ដើម្បីធានាដល់ការជួយសង្គ្រោះជូនប្រជាពលរដ្ឋបានទាន់ពេលវេលា កងអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញជួយអន្តរាគមន៍ជំលៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព។
ក្នុងថ្ងៃដដែល ឯកឧត្តម និងក្រុមការងារ បានបន្តដំណើរចុះត្រួតពិនិត្យអគារទីទួលសុវត្ថិភាព ឬស្សីតាម៉ាន់ ស្ថិតនៅក្នុងភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ពោធិ៍សាត់ ដើម្បីត្រៀមបង្ការ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងករណីជម្លៀសពេលមានទឹកជំនន់។