ឯកឧត្តម ច័ន្ទ លំផាត់ ចុះត្រួតពិនិត្យកង៧២៣ (៩១១) និងពិភាក្សាការងារត្រៀមប្រតិបត្តិការរុករកសង្គ្រោះជាមួយបញ្ជាការដ្ឋានទ័ពពិសេស

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ចុះត្រួតពិនិត្យកង៧២៣ (៩១១) និងពិភាក្សាការងារត្រៀមប្រតិបត្តិការរុករកសង្គ្រោះ ជាមួយបញ្ជាការដ្ឋានទ័ពពិសេស ដោយមានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម មាស ម៉ារឌី, ឯកឧត្តម គីម វីរៈ, ឯកឧត្តម គឹម សំអាន, ឯកឧត្តម ឡៅ សុខហួរ (តំណាងលេខាធិការដ្ឋានគ្រោះមហន្តរាយក្រសួងការពារជាតិ) និងឯកឧត្តម អស់លោក មន្ត្រីពាក់ព័ន្ធមួយចំនួន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ដែលតែងយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់បងប្អូនកងកម្លាំងនៃបញ្ជាការដ្ឋានទ័ពពិសេស និងផ្តល់ជូនជាសម្ភារៈសង្គ្រោះផ្សេងៗ។

ឯកឧត្តម មេបញ្ជាការ បានរាយការណ៍ជូនអង្គប្រជុំថា កងកម្លាំងនៃបញ្ជាការដ្ឋាន ទោះបីជាបច្ចុប្បន្ន កំពុងមានការមម៉ាញឹកខ្លាំងលើបេសកកម្មពាក់ព័ន្ធការងារកូវីដ-១៩ ក៏កងកម្លាំងហ្វឹកហ្វឺនជាប្រចាំលើជំនាញរុករកសង្គ្រោះ ពិសេស ជំនាញបើកបរអូរប័រ និងជំនាញផ្សេងៗ ដើម្បីត្រៀមលើការងារឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយនារដូវវស្សានេះ។

ឯកឧត្តម បានគូសបញ្ជាក់ថា កងសង្គ្រោះរបស់បញ្ជាការដ្ឋានទ័ពពិសេស ត្រូវបានបែងចែកជាបីក្រុម៖

ក្រុមទី១៖ បញ្ជូនទៅសមុទ្រដើម្បីបម្រើការងារហ្វឹកហ្វឺនក្នុងទឹក

ក្រុមទី២៖ បាននឹងកំពុងចុះជួយក្នុងការរៀបចំទទួលខុសត្រូវចាក់វ៉ាក់សាំង ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ

ក្រុមទី៣៖ ប្រចាំការនៅអង្គភាព ចូលរួមលើកិច្ចការអង្គភាព ថែរក្សាសម្ភារៈ និងជួសជុលអូប័រ។

បញ្ជាការដ្ឋាន សម្រាប់ឆ្នាំ២០២១នេះ មានទិសដៅ ហ្វឹកហ្វឺនបំប៉នជំនាញគ្រប់គ្រង គ្រោះមហន្តរាយ ១វគ្គ និងជំនាញបើកបរ និងជួសជុលអូរប័រ ១វគ្គ និងប្រុងប្រៀបគ្រប់ពេលវេលា រង់ចាំបទបញ្ជាក្នុងការចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ 

ក្នុងពិធីនោះដែរ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. បានថ្លែងអំណរគុណចំពោះកិច្ចយកចិត្តទុកដាក់របស់បញ្ជាការដ្ឋានទ័ពពិសេស លើការងារគ្រោះមហន្តរាយ ការថែរក្សាសម្ភារៈសង្គ្រោះបានយ៉ាងល្អ និងបានលើកទឹកចិត្ត ដល់កងកម្លាំងហ្វឹកហ្វឺនលើការប្រើប្រាស់សម្ភារៈដែលបានផ្តល់ជូន ដើម្បីធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព សម្រាប់ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះមហន្តរាយ នឹងត្រៀមខ្លួនជាប្រចាំ ព្រោះគ្រោះមហន្តរាយនឹងអាចកើតឡើង ដោយពុំប្រាប់យើងមុនឡើយ។ ឯកឧត្តម គីម វីរៈ បានគូសបញ្ជាក់ថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម នឹងផ្តល់ជូននូវម៉ាស៊ីនទូកចំនួន ១០គ្រឿង និងតង់ចល័ត ចំនួន ១០តង់។

ឯកឧត្តម ច័ន្ទ លំផាត់ បានពាំនាំការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ជូនចំពោះ ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់នៃបញ្ជាការដ្ឋានទ័ពពិសេស និងបានកោតសរសើរចំពោះកងកម្លាំង ដែលបានចូលរួមយ៉ាងសកម្មក្នុងការចល័តកម្លាំង ជួយក្នុងបេសកកម្មឆ្លើយតបសង្គ្រោះ ប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងបញ្ហាកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។