ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អញ្ចើញជាអធិបតីក្នុងសិក្ខាសាលា បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានរៀបចំសិក្ខាសាលា បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ ។

សិក្ខាសាលានេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាតំណាងដ៏ខ្ពស់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ។

សិក្ខាសាលានេះ ក៏មានការចូលរួមពី លោកស្រី ឃ្លែ កូណាន់ នាយិកាប្រចាំប្រទេសអង្គការសហប្រជាជាតិកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា, តំណាងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតាមក្រសួង-ស្ថាប័ន លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយគ្រប់រាជធានី ខេត្ត កាកបាទក្រហមកម្ពុជា កងកម្លាំងទាំង៣ប្រទេស និងអង្គការដៃគូ។

ក្នុងសិក្ខាសាលានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ដែលបានសហការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងអំណរគុណចំពោះកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ដែលជានិច្ចកាលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យគ្រោះមហន្តរាយគ្រោះមហន្តរាយផ្សេងៗនៅកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់ពីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយជាតំណាងពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ និងគ្រប់រាជធានី ខេត្ត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ធាតុចូល និងចូលរួមផុសផុលកន្លងមក។ ការចូលរួមយ៉ាងសកម្មនេះ ជាកត្តាស្នូលក្នុងការធានាថា ផែនការដែលកសាងឡើងនឹងត្រូវអនុវត្តបានរលូន ដោយក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធទាំង អស់ក្នុងការកាត់បន្ថយហានិភ័យ ត្រៀមបម្រុងជាមុនក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញពេលមានគ្រោះមហន្តរាយកើតឡើង។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បន្ថែមថា ការងារគ្រប់គ្រងគ្រោះមហន្តរាយមិនមែនជាភារកិច្ចផ្តាច់មុខរបស់អគ្គលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនោះទេ តែជាភារកិច្ចរួមគ្នារបស់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានានូវការអភិវឌ្ឍជាតិ និងសហគមន៍ដោយចីរភាព នៅចំពោះមុខការកើនឡើងជាបន្តបន្ទាប់មុខសញ្ញាគ្រោះថ្នាក់នានាបណ្តាលពីកត្តាការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានលើកជាឧទាហរណ៍នៃការអនុវត្តការងារបានល្អៗកន្លងមក នៅក្រសួងធនធានទឹក និង ឧត្តនិយម ក្រសួងកសិកម្ម ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតទាំងការត្រៀមធនធានការឆ្លើយតប និងស្តារឡើងវិញពេលមានគ្រោះមហន្តរាយទឹកជំនន់ ដែលធ្វើឱ្យការឆ្លើយតបលើគ្រោះមហន្តរាយបានទាន់ពេលវេលា។

នៅក្នុងពិធីបិសិក្ខាសាលានេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានឧបត្ថម្ភឧបករណ៍ និងសម្ភារគាំទ្រដល់ប្រតិបត្តិការសង្គ្រោះ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអរគុណ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ដែលបានខិតខំខ្នះខ្នែងរៀបចំឱ្យមានកងប្រតិបត្តិការសង្គ្រោះ គ្រោះមហន្តរាយដែលមានសមត្ថភាពក្នុងការសង្គ្រោះឆ្លើយតបទៅគ្រោះមហន្តរាយទាំងគ្រោះធម្មជាតិ និងបណ្តាលមកពីកត្តាមនុស្ស។

លោកស្រី ឃ្លែ កូណាន់ បានសម្តែងអំណរគុណដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។ ក្នុងឱកាសនោះ លោកស្រីប្រធានអង្គការ បានជម្រាបជូនថា ការគាំទ្ររបស់ (WFP) បានចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រជាជនកម្ពុជា ក៏ដូចជាបានធ្វើឱ្យប្រសើរឡើងស្ថានភាពសុខភាព ក៏ដូចជាយល់ដឹងពីការកាពារត្រៀមបម្រុងទុកជាមុនក្នុងគ្រាដែលមានគ្រោះមហន្តរាយកើតឡើង។ ជាមួយគ្នានេះ WFP គឺជាដៃគូយូរអង្វែងជាមួយរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា ប្រព័ន្ធអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលសម្រាប់ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ដោយធ្វើការរួមគ្នា  ដើម្បីធានាថាសហគមន៍ងាយរងគ្រោះ និង  ប្រជាជនត្រូវបានរៀបចំសម្រាប់គ្រោះថ្នាក់ធម្មជាតិ ទទួលបានជំនួយមនុស្សធម៌នៅពេលដែលតម្រូវការនេះ និងទទួលបានអត្ថប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរយៈពេលវែង។