កណ្តាល៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្ដម អនុប្រធាន ឯកឧត្តម អគ្គលេខាធិការ និង ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សា និងប្រធាននាយកដ្ឋាន។
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ក្នុងឱកាសដឹកនាំកិច្ចប្រជុំ បានវាយតម្លៃខ្ពស់ និងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានប្រឹងប្រែងដោះស្រាយការលំបាក និង បានអនុវត្តការងារបានច្រើនគួរឱ្យកត់សម្គាល់ ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានជំរុញឱ្យនាយកដ្ឋាននីមួយៗ ត្រូវរៀបចំផែនការ ជាពិសេសត្រូវពង្រឹងទំនាក់ទំនងល្អ ជាមួយកាកបាទក្រហមកម្ពុជា, គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូនានា ដើម្បីរួមគ្នាត្រៀមធ្វើការឆ្លើយតបក្នុងរដូវវស្សានេះ។