(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកស្រីឧកញ៉ា គៀន ស្រីនាង បានឧបត្ថម្ភមីចំនួន ២០,៣០០កេស និងថវិកា ១០០លានរៀល ជូនទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
មី និងថវិកានេះ ត្រូវបានក្រុមការងាររបស់ឧកញ៉ា ទ្រី ភាព រៀបចំដឹកជញ្ជូន និងប្រគល់ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។ ឯកឧត្តម ទេសរដ្ឋមន្ត្រី និងឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណលោកឧកញ៉ា ទ្រី ភាព និងលោកស្រី ឧកញ៉ា គៀន ស្រីនាង ចំពោះទឹកចិត្តមនុស្សធម៌ចូលរួមរំលែកការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងរំលែកការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសទទួលជំនួយជាមី និងថវិកានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានគូសរំលេចថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជាប់ជានិច្ចចំពោះការលំបាករបស់ប្រជាពលរដ្ឋ។ តាមរយៈជំនួយមី និងថវិកា ជាសក្ខីភាពយ៉ាងប្រត្សក្រពីទឹកចិត្តពោរពេញដោយមនោសញ្ចេតនា និងការគិតគូរយ៉ាងជ្រាលជ្រៅរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋកំពុងរងគ្រោះនៅក្នុងខេត្តបន្ទាយមានជ័យ។