ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ស្រូវពូជ ជូនកសិករជាង ៥ពាន់គ្រួសារនៅខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់។ ខេត្តពោធិ៍សាត់ គឺជាខេត្តដែលបានរងការជន់លិចធ្ងន់ធ្ងរផងដែរ ដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីតំបន់ដទៃទៀត។ នៅក្នុងឱកាសចែកស្រូវពូជ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណប្រមាណ៤០នាទី។ ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ * សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយ និងជម្នះបញ្ហាទឹកជំនន់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរលោកទេសរដ្ឋមន្ត្រី គន់ គីម និងរដ្ឋមន្ត្រីកសិកម្ម ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាទឹកជំនន់ និងការស្តារឡើងវិញនូវការធ្វើស្រែ និងដាំដុះដំណាំផ្សេងៗ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះការរងគ្រោះរបស់ប្រជាពលរដ្ឋនោះឡើយ។ ក្នុងអាជ្ញាធរមូលដ្ឋាន សហការជាមួយអាជ្ញាធរថ្នាក់ជាតិ និងកាកបាទក្រហម បានសហការគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយបញ្ហា។ …