(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងភរិយា ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសារទរយ៉ាងក្រៃលែង ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
នាឱកាសដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំយើងខ្ញុំ សូមធ្វើអភិវន្ទនកិច្ចថ្វាយព្រះពរបវរមហាប្រសើរ និងសូមលើកហត្ថទាំងទ្វេប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ព្រះបារមីព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញានក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ ជ្រកកោនជារៀងដរាបតរៀងទៅ និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ៕