(ព្រះវិហារ)៖ ព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្ដម អគ្គលេខាធិការរង ទីប្រឹក្សា មន្ត្រីជំនាញ និងមានការចូលរួមពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បាននាំយកឧបករណ៍ សម្ភារៈ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទៅបំពាក់ជូនកងប្រតិបត្តិការរុករកសង្គ្រោះលេខ៧២១ របស់កងពលធំលេខ៣ ។
គួរបញ្ជាក់ផងដែរ នៅក្នុងសប្តាហ៍នេះក្រុមការងារក៏បាននាំយកឧបករណ៍ សម្ភារៈ ដូចគ្នានេះទៅបំពាក់អោយកងប្រតិបត្តិការលេខ៧០១ របស់យោធភូមិភាគទី១ និងកងប្រតិបត្តិការលេខ៧០២ របស់យោធភូមិភាគទី២ផងដែរ។
ជំនួសមុខអោយកងប្រតិបត្តិការទាំង១០ ឯកឧត្ដម បានសំដែងការដឹងគុណយ៉ាងខ្លាំងចំពោះ សម្តេចនាយករដ្ឋមន្ត្រី ដែលបានបំពាក់ឧបករណ៍ សម្ភារៈដ៏មានតម្លៃជូនបណ្តាកងប្រតិបត្តិការ ដើម្បីមានលទ្ធភាពក្នុងការធ្វើប្រតិបត្តិការនៅពេលមានគ្រោះមហន្តរាយកើតឡើង។
ក្នុងឱកាសនោះ ឯកឧត្ដម ក៏បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម ជូនចំពោះនាយ នាយរង និងពលទាហានទាំងអស់ ក្នុងកងពលធំលេខ៣ ដែលជាយុទ្ធមិត្តធ្លាប់រួមប្រយុទ្ធក្នុងសមរភូមិជាមួយគ្នាក្នុងការការពារ បូរណភាពទឹកដី ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ក៍បានណែនាំអោយបងប្អូនត្រូវទុកដាក់ ថែរក្សាឧបករណ៍ សម្ភារៈ ដែលបានបំពាក់អោយបានល្អ ត្រូវតាមបច្ចេកទេស និងប្រើប្រាស់អោយចំទិសដៅ។