ព័ត៌មានជាតិ

ផ្ទះប្រជាជនចំនួន ២៦ខ្នង ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀង

គិតត្រឹមម៉ោង ៥៖០០នាទីល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំងជាប់ៗគ្នា ក្នុងភូមសាស្ត្រខេត្តបន្ទាយមានជ័យ បណ្តាលឲ្យលិចតំបន់១ចំនួន។ តាមរបាយការណ៍បឋម របស់លេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ការរងគ្រោះរួមមាន៖ ១. ស្រុកម៉ាឡៃ៖ លិចផ្ទះ ១១ខ្នង (ផ្ទះនៅតំបន់ទំនាបតាមមាត់អូរព្រំដែន) ២. ក្រុងប៉ោយប៉ែត៖ លិចក្រោមផ្ទះ នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ១៦ខ្នង និងផ្លូវលំមួយចំនួន។ ការសង្គ្រោះ៖ កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន បានជួយសង្គ្រោះ និងជម្លៀសប្រជាជនបានទាន់ពេលវេលា។ ស្ថានភាពបច្ចុប្បន្ន៖ ទឹកនៅមានការឡើងចុះៗ ដោយសារមកទល់ពេលនេះ នៅកំពុងបន្តមានភ្លៀងធ្លាក់។

សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយជំនន់ទឹកភ្លៀង អាចនឹងកើតឡើងក្នុងភូមិសាស្ត្ររាជធានី-ខេត្តចំនួន៧ ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២១ រួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ

ឯកឧត្តម ច័ន្ទ លំផាត់ នាំយកពូជស្រូវ និងគ្រាប់ពូជបន្លែ ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចែកជូនអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បាននាំយកនូវពូជស្រូវ និងគ្រាប់ពូជបន្លែផ្សេងៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មកចែកជូន អតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ គូសបញ្ជាក់ថា ក្នុងឱកាសនោះ អតីតយុទ្ធជន ក្នុង១គ្រួសារ ទទួលបានពូជស្រូវ ៥០គ.ក្រ និងគ្រាប់ពូជបន្លែចំនួន៤មុខ។

ឯកឧត្តម គីម វីរៈ បានអញ្ជើញចូលរួមពិធីបិទវគ្គ ហ្វឹកហ្វឺនបំប៉នជំនាញសង្រ្គោះគ្រោះមហន្តរាយ ឆ្នាំ២០២១ របស់កងអនុសេនាធំប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយលេខ៧២០

(សៀមរាប)៖ ព្រឹកទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធាន ក្រុមការងារសម្របសម្រួលក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញសង្រ្គោះគ្រោះមហន្តរាយ ឆ្នាំ២០២១ របស់កងអនុសេនាធំប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយលេខ៧២០ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២។ គូសបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនេះ ក៏មានបង្ហាញនៅសមយុទ្ធសង្រ្គោះការរលំបាក់អគារ និងអគ្គីភ័យផងដែរ។

សូមសាធារណជនប្រុងប្រយ័ត្នចំពោះ ជំនន់ទឹកភ្លៀងអាចនឹងកើតមានឡើងនៅភូមិសាស្ត្រ មួយចំនួនក្នុងបណ្តាខេត្ត នៃតំបន់វាលទំនាបកណ្តាល និងបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ចាប់ពីថ្ងៃទី១-៧ ខែកញ្ញា ឆ្នាំ២០២១

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ចន្លោះថ្ងៃទី១-៧ ខែកញ្ញា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ជាមួយប្រព័ន្ធសម្ពាធទាប។ អាស្រ័យហេតុនេះ សូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយ ដែលអាចកើតឡើងជាយថាហេតុ។

ឯកឧត្តម គីម វីរៈ បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម មកប្រគល់ជូនយោធភូមិភាគទី៤

(សៀមរាប)៖ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធាន ក្រុមការងារសម្របសម្រួលជាមួយក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. មកប្រគល់ជូនយោធភូមិភាគទី៤ ដើម្បីចែកជូននាយទាហាន ពលទាហាន ចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ អំណោយ ដែលត្រូបាននាំមក រួមមាន៖ អង្ករ ៥តោន មី ៥០០កេស ត្រីខ ៣០០យួរ ម៉ាស់ ២០,០០០សន្លឹក។

អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកវិទ្យាព័ត៌មានភូមិសាស្ត្រ (GIS) កម្រិតមធ្យម សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកវិទ្យាព័ត៌មានភូមិសាស្ត្រ (GIS) កម្រិតមធ្យម សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ផ្តល់នូវចំណេះដឹងកម្រិតមធ្យម នៃបច្ចេកវិទ្យាព័ត៌មានភូមិសាស្រ្ត និងប្រព័ន្ធប្រមូលព័ត៌មានពីចម្ងាយ (Remote Sensing) សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ នៃក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន សរុប ១៥នាក់។ គូសបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលខាងលើ ត្រូវបានរៀបចំឡើង ដោយគោរពទៅតាម គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយក្នុងបន្ទប់រៀន កំណត់ត្រឹមចំនួន ១៥នាក់ មានការធ្វើអនាម័យត្រឹមត្រូវ និងមានការធ្វើតេស្តរហ័ស ស្វែងរកកូវីដ-១៩លើសិក្ខាកាមនិងគ្រូឧទ្ទេស មុនពេលចូលបន្ទប់រៀន។

ឯកឧត្តម ឡាំ ហេងហួត អញ្ជើញចូលរួម សិក្ខាសាលា ស្តីពីការបង្កើនបច្ចេកវិទ្យាប្រកាសឱ្យដឹង មុន អំពីពហុមុខសញ្ញាគ្រោះថ្នាក់ និងខ្សែសង្វាក់គ្រោះមហន្តរាយ សម្រាប់ប្រទេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ បានដឹកនាំមន្រ្តី អគ្គលេខាធិការដ្ឋាន ចូលរួម សិក្ខាសាលា ស្តីពីការបង្កើនបច្ចេកវិទ្យាប្រកាសឱ្យដឹងមុន អំពីពហុមុខសញ្ញាគ្រោះថ្នាក់ និងខ្សែសង្វាក់គ្រោះមហន្តរាយ សម្រាប់ប្រទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំត្រូវបានរៀបចំដោយមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ នៃក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង លើកកម្ពស់ និងចែករំលែក បទពិសោធន៍លើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងចំណោមប្រទេសជាសមាជិក ដោយ ផ្តោតលើបច្ចេកវិទ្យាប្រកាសឱ្យដឹងមុនអំពីពហុមុខសញ្ញាគ្រោះថ្នាក់។

សូមសាធារណជនប្រុងប្រយ័ត្នចំពោះបាតុភូតផ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ចាប់ពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ២០២១

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ចន្លោះថ្ងៃទី២៥-៣១ ខែសីហា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ទន្ទឹមនោះក៏សង្ឃឹមនឹងអាចកើតមាននូវជ្រលងសម្ពាធទាប ITCZ សារជាថ្មីផងដែរ។ អាស្រ័យហេតុនេះ សូមសាធារណជនប្រុងប្រយ័ត្នចំពោះបាតុភូតផ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ចាប់ពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ២០២១។