ព័ត៌មាន

ឯកឧត្តម គីម វីរៈ បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម មកប្រគល់ជូនយោធភូមិភាគទី៤

(សៀមរាប)៖ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធាន ក្រុមការងារសម្របសម្រួលជាមួយក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. មកប្រគល់ជូនយោធភូមិភាគទី៤ ដើម្បីចែកជូននាយទាហាន ពលទាហាន ចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ អំណោយ ដែលត្រូបាននាំមក រួមមាន៖ អង្ករ ៥តោន មី ៥០០កេស ត្រីខ ៣០០យួរ ម៉ាស់ ២០,០០០សន្លឹក។

អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកវិទ្យាព័ត៌មានភូមិសាស្ត្រ (GIS) កម្រិតមធ្យម សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកវិទ្យាព័ត៌មានភូមិសាស្ត្រ (GIS) កម្រិតមធ្យម សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ផ្តល់នូវចំណេះដឹងកម្រិតមធ្យម នៃបច្ចេកវិទ្យាព័ត៌មានភូមិសាស្រ្ត និងប្រព័ន្ធប្រមូលព័ត៌មានពីចម្ងាយ (Remote Sensing) សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ នៃក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន សរុប ១៥នាក់។ គូសបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលខាងលើ ត្រូវបានរៀបចំឡើង ដោយគោរពទៅតាម គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយក្នុងបន្ទប់រៀន កំណត់ត្រឹមចំនួន ១៥នាក់ មានការធ្វើអនាម័យត្រឹមត្រូវ និងមានការធ្វើតេស្តរហ័ស ស្វែងរកកូវីដ-១៩លើសិក្ខាកាមនិងគ្រូឧទ្ទេស មុនពេលចូលបន្ទប់រៀន។

ឯកឧត្តម ឡាំ ហេងហួត អញ្ជើញចូលរួម សិក្ខាសាលា ស្តីពីការបង្កើនបច្ចេកវិទ្យាប្រកាសឱ្យដឹង មុន អំពីពហុមុខសញ្ញាគ្រោះថ្នាក់ និងខ្សែសង្វាក់គ្រោះមហន្តរាយ សម្រាប់ប្រទេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ បានដឹកនាំមន្រ្តី អគ្គលេខាធិការដ្ឋាន ចូលរួម សិក្ខាសាលា ស្តីពីការបង្កើនបច្ចេកវិទ្យាប្រកាសឱ្យដឹងមុន អំពីពហុមុខសញ្ញាគ្រោះថ្នាក់ និងខ្សែសង្វាក់គ្រោះមហន្តរាយ សម្រាប់ប្រទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំត្រូវបានរៀបចំដោយមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ នៃក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង លើកកម្ពស់ និងចែករំលែក បទពិសោធន៍លើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងចំណោមប្រទេសជាសមាជិក ដោយ ផ្តោតលើបច្ចេកវិទ្យាប្រកាសឱ្យដឹងមុនអំពីពហុមុខសញ្ញាគ្រោះថ្នាក់។

សូមសាធារណជនប្រុងប្រយ័ត្នចំពោះបាតុភូតផ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ចាប់ពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ២០២១

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ចន្លោះថ្ងៃទី២៥-៣១ ខែសីហា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ទន្ទឹមនោះក៏សង្ឃឹមនឹងអាចកើតមាននូវជ្រលងសម្ពាធទាប ITCZ សារជាថ្មីផងដែរ។ អាស្រ័យហេតុនេះ សូមសាធារណជនប្រុងប្រយ័ត្នចំពោះបាតុភូតផ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ចាប់ពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួម ‹‹កិច្ចប្រជុំលើកទី២ ក្រុមការងារអាស៊ានដើម្បី ត្រួតពិនិត្យមូលនិធិជំនួយសង្គ្រោះ និងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន-ADMER Fund››

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋាន បានអញ្ជើញចូលរួម ‹‹កិច្ចប្រជុំលើកទី២ ក្រុមការងារអាស៊ានដើម្បី ត្រួតពិនិត្យមូលនិធិជំនួយសង្គ្រោះ និងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន-ADMER Fund›› តាមប្រព័ន្ធអនឡាញ រៀបចំដោយលេខាធិការដ្ឋានអាស៊ាន និងដឹកនាំដោយសហប្រធានក្រុមការងារ សិង្ហបូរី និងព្រុយណេ។ កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណង បន្តពិគ្រោះយោបល់លើយន្តការនៃការចូលរួមវិភាគពីសាធារណជនក្នុងប្រទេសជាសមាជិកអាស៊ាន និងវិស័យឯកជនទៅក្នុងមូលនិធិជំនួយសង្គ្រោះ និងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ADMER Fund)។

ព្យុះហឺរីខិនសម្លាប់មនុស្ស៨នាក់ក្នុងប្រទេសម៉ិចស៊ីកូ

មនុស្សយ៉ាងហោចណាស់ ៨នាក់ បានស្លាប់ បន្ទាប់ពីព្យុះហឺរីខិន ឈ្មោះ ហ្គ្រេស្ស (Grace) បានវាយប្រហារលើភាគខាងកើតនៃប្រទេសម៉ិចស៊ីកូ។ ព្យុះហឺរីខិន ហ្គ្រេស្ស បានធ្វើដំណើរមកដល់ប្រទេសម៉ិចស៊ីកូ កាលពីព្រឹកថ្ងៃសៅរ៍ ដោយបានបង្កផលប៉ះពាល់និងខូចខាតធ្ងន់ធ្ងរក្នុងរដ្ឋ Veracruz ដែលមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ព្រមទាំងមានការជន់លិចនៅតំបន់ជាច្រើន។ ប្រភព៖ BBC ចុះផ្សាយព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១

សេចក្តីជូនដំណឹង ស្តីពី សន្ទស្សន៍នៃការកើនឡើងកាំរស្មីព្រះអាទិត្យ UV

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១៨-២៤ ខែសីហា ឆ្នាំ២០២១ (ចន្លោះម៉ោង ១០ព្រឹក ដល់ម៉ោង ០២រសៀល) នៅតំបន់ឥណ្ឌូចិន នឹងទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលអាចនឹងបង្កហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។

ស្ថានភាពធាតុអាកាស៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ភ្លៀងអាចនឹងធ្លាក់ពីតិចទៅបង្គួរ

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ចន្លោះថ្ងៃទី១៨-២៤ ខែសីហា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនីរតីខ្សោយ។